Rishi Sunak នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស​ មានដើមកំណើតជាជនជាតិឥណ្ឌា

 លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស ក្រោយទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់។

លោកស្រី Liz Truss បានលាលែងចេញពីតំណែង បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ត្រឹម ៤៥ថ្ងៃ។ បេក្ខភាពប្រជែងតំណែងនេះ មាន ៣រូប រួមមាន លោក Rishi Sunak លោកស្រី Penny Mordaunt និង លោក Boris Johnson។ ប៉ុន្តែក្រោយមក លោក Boris បានដកខ្លួនចេញ ធ្វើឱ្យបេក្ខភាពនៅសល់ត្រឹម ២រូបប៉ុណ្ណោះ។

គួរឱ្យដឹងថា លោក Rishi Sunak ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស មានដើមកំណើតជាជនជាតិឥណ្ឌា។ បច្ចុប្បន្នលោកមានអាយុ ៤២ឆ្នាំ និងកាន់សាសនា ហិណ្ឌូ។ បុរសដើមកំណើតអាស៊ីរូបនេះ នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃព្រហស្បត្តិ៍ខាងមុខ ពោលគឺបន្ទាប់ពីមានការតែងតាំងពីព្រះមហាក្សត្រ។

ជា​ធម្មតា​នៅ​នាយក​រដ្ឋមន្ត្រី​របស់​អង់គ្លេស​គឺ​មាន​វ័យ​ចន្លោះ​ក្បែរ​៥០ឆ្នាំ​ឡើង​រហូត​ទៅ​ដល់​៧០ឆ្នាំ​ ចំពោះ​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​គឺ​ លោក​ William Pitt the Younger ដែល​មាន​ឡើង​កាន់​តំណែង​នៅ​វ័យ​២៤ឆ្នាំ​ កាល​ពី​ឆ្នាំ​១៧៨៣ និង​បន្ទាប់​មក​គឺ​ លោក​ Rishi នេះ​ហើយ​ដែល​ឡើង​កាន់​នៅ​វ័យ​៤២ឆ្នាំ​

នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​រូប​នេះ​មាន​ម្ដាយ​ឳពុក​​ជា​ដើម​កំណើត​ឥណ្ឌា​ ដែល​បានចាកចេញ​ពី​អាហ្រិក​ខាង​កើត​ ដើម្បី​មក​រស់​ប្រទេស​អង់គ្លេស​។ ​លោក​ Rishi ក៏​បាន​ចាប់​កំណើត​ធំ​ដឹង​ក្ដី​និងរៀន​សូត្រ​​នៅ​អង់គ្លេស​នេះ​ ដោយ​រៀន​ចប់​នៅ​សកលវិទ្យាល័យ​ Oxford នូវ​ជំនាញ​ទស្សនវិជ្ជា​ នយោបាយ​ និង​សេដ្ឋកិច្ច​ ព្រម​ទាំង​បាន​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ គ្រប់គ្រង​ពាណិជ្ជកម្ម​ នៅ​សកលវិទ្យា​ល័យ​ Stanford ផង​ដែរ​។

លោក​ Rishi ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ផង​ដែរ​ លោក​ និង​ភរិយា​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​វិនិយោគ​ធំៗប្រចាំ​អង់គ្លេស​ និង​ឥណ្ឌា​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​សរុប​ ៧៣០លាន​ផោន​ (ប្រហែល​ ៨២៥លាន​ដុល្លារ​)។

ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​ អាទិភាព​របស់​លោក​នឹង​ដឹកនាំ​អង់គ្លេស​ទាំង​មូល​ដោយ​ស្មោះត្រង់​ ត្រឹមត្រូវ​ ឲ្យ​រួប​រួម​គ្នា​តែ​មួយ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ និង​វិបត្តិផ្សេងៗ​ទៀត​ក្នុង​ស្រុក​៕

Powered by Blogger.