Cristiano Ronaldo វិល​មក​ហ្វឹកហាត់​ជុំគ្នា​វិញ​ក្រោម​បញ្ជា​របស់ Erik ten Hag

ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo បាន​ត្រលប់​មក​ហ្វឹកហាត់​ជុំគ្នា​វិញ​ជាមួយ​មិត្ត​រួម​ក្រុម​ហើយ បន្ទាប់ពី​ត្រូវបាន​អ្នកចាត់ការ Erik ten Hag ចាត់​បញ្ជា​ឱ្យ​ហ្វឹកហាត់​ម្នាក់ឯង​សប្តាហ៍​មុន​។

​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ពេល Manchester United យក​ឈ្នះ Tottenham Hotspur កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ពេល​ស្មើ​នៅ​ទឹកដី Chelsea កាលពី​ថ្ងៃ​សៅរ៍​។ ​ដោយ​មិនមាន​ការបញ្ចេញ​ឱ្យ​ដឹងពី​ផ្ទៃក្នុង​ក្លិប Manchester United តែ​ត្រូវបាន​គេ​ដឹងថា​ មានការ​ជជែក​រក​ដំណោះស្រាយ​រវាង​អ្នកចាត់ការ Erik ten Hag និង Cristiano Ronaldo ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។

​​បន្ទាប់ពី​សប្តាហ៍​ដ៏​ក្តៅគគុក​របស់ Ronaldo ពេញ​មួយ​សប្តាហ៍​គេ​សង្កេតឃើញ​អតីត​ខ្សែប្រយុទ្ធ Real Madrid និង Juventus រូបនេះ​ត្រលប់មក​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់ Carrington ប្រកបដោយ​ទឹកមុខ​ញញឹម​រីករាយ​ប្រសើរ​ជាង​មុន​។ ​Ronaldo ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​លេង​វិញ​ពេល Manchester United ទទួល Sheriff Tiraspol នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នៃ​ក្របខណ្ឌ UEFA Europa League​។ ​ខ្សែការពារ​អង់គ្លេស Harry Maguire និង​ខ្សែបម្រើ​ហូ​ឡង់ Donny van der Beek ក៏​គេ​ឃើញ​ត្រលប់មក​ហ្វឹកហាត់​វិញ​ដែរ​ក្រោយ​ជា​ពីរ​បួស​៕

Powered by Blogger.