ប្រមុខអូឡាំពិកកម្ពុជា បានទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុត សម្រាប់ចលនាអូឡាំពិក

លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីជាកិត្តិយសចំពោះការលះបង់របស់លោក សម្រាប់ចលនាអូឡាំពិក និងជំរុញឲ្យកីឡា រីកចម្រើន រហូតទទួលរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗ គឺកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡា អូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។


គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់នេះ បានត្រូវប្រគល់ ដោយលោក Raja Randhir Singh ប្រធានស្ដីទី OCA ដែលធ្វើឡើង ក្នុងពិធីបើកមហាសន្និបាត OCA លើកទី៤១ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថាៈ ” ឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលនូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ដែលផ្ដល់ដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺបានផ្ដល់នូវកិត្តិយស ជូនដល់ការលះបង់ផ្ទាល់របស់ឯកឧត្តម ចំពោះចលនាអូឡាំពិក ក៏ដូចជាកីឡា ដែលឯកឧត្តម ជាអ្នកកសាងនូវចលនាអូឡាំពិក កម្ពុជា បានរីកចម្រើន ដូចជាទិដ្ឋភាព កន្លងមកនេះ រហូតដល់ទទួលបានសិទ្ធិរៀបចំ ព្រឹត្តិការណ៍អន្ដរជាតិធំៗ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ ” ។
ក្រោយពីបានទទួលមេដាយនេះភ្លាមៗ លោក ថោង ខុន បានមានប្រសាសន៍ថាៈ ជាមេដាយដែលបានផ្ដល់កិត្តិយស យ៉ាងក្រៃលែងដល់កម្ពុជា។ បន្ថែមលើសពីនេះ ក៏ជាមេដាយ សម្រាប់ការផ្ដល់កិត្តិយស ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកសហព័ន្ធ កីឡាជាតិ និងក្រសួងអប់រំ យុវជន និងកីឡា ទៀតផង។ នេះក៏ជាកិត្តិយសរាល់ការចូល រួម ពីចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកនៅកម្ពុជា។
មហាសន្និបាតនេះដែរ ក៏មានឥស្សរជន និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកអាស៊ី និងអន្ដរជាតិ ប្រមាណ ៤០០ នាក់ មកពី ៥៥ ប្រទេសជុំវិញពិភពលោក ចូលរួម ក្នុងនោះមានប្រតិភូ មកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ ប្រទេស គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់ សម្រាប់ការជជែកពិភាក្សា លើព្រឹត្តិការណ៍កីឡាអូឡាំពិក អាស៊ី និងធ្វើឡើងជារៀងរាល់ឆ្នាំ៕
Powered by Blogger.