សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន បង្ក្រាប និងចាប់ខ្លួនជនជាតិចិនម្នាក់ ដែលបម្រុងដឹកជញ្ជូនគ្រឿងញៀ.នឆ្លងដែនខុសច្បាប់ចេញពីកម្ពុជាទៅប្រទេសថៃ និងរឹបអូសបានគ្រឿងញៀ.នជាង១គីឡូក្រាមផងដែរ។

អនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀ.នឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទីល្ងាច សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយកម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ, លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក្រោមការសម្របសម្រួលដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាលទ្ធផល គឺឃាត់ជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាងសារធាតុញៀ.នប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធចំនួន១គីឡូ ២.៤២ក្រាម។ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
Post a Comment