សោកនាដកម្មរត់ជាន់គ្នានៅឥណ្ឌូនេស៊ី អ្នកស្លា.ប់ និងរបួសជាង៤០០នាក់
អំពើហិ.ង្សា ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការប៉ះទង្គិចដ៏សាហា.វបំផុត ដែលបានផ្ទុះឡើងបន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់មួយនៃលីគកំពូលឥណ្ឌូនេស៊ី (BRI Liga 1) កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ត្រូវបានកត់សម្គាល់ជាសោកនាដកម្មដ៏រន្ធត់មួយផ្សេងទៀតក្នុងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី។ ហើយនេះជាការមើលឃើញពីរបៀបបង្កជាភាពចលាចល និងអ្វីដែលត្រូវបានធ្វើដើម្បីការពារឧបទ្ទវហេតុនាពេលអនាគត។
ដើមចមនៃភាពចលាចលបង្កជាសោកនាដកម្មដ៏រន្ធ.ត់ភាពវឹកវរបានផ្ទុះឡើងបន្ទាប់ពីក្រុមភ្ញៀវ Persebaya Surabaya បានយកឈ្នះក្រុមម្ចាស់ផ្ទះ Arema Malang ក្នុងលទ្ធផល ៣-២ ធ្វើឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang នៃខេត្តជ្វាភាគខាងកើត (East Java)។
ប៉ូលិសនិយាយថា មានអ្នកទស្សនាប្រហែល ៤២,០០០នាក់នៅក្នុងកីឡដ្ឋាន ដែលសុទ្ធសឹងជាអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ ដោយសារអ្នករៀបចំបានហាមឃាត់អ្នកគាំទ្រក្រុមភ្ញៀវក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា។
ប៉ុន្តែការចាញ់លើកដំបូងក្នុងផ្ទះទល់នឹងក្រុម Persebaya បានជំរុញឱ្យអ្នកគាំទ្រខឹងសម្បាររត់សម្រុកចូលទីលាន បន្ទាប់ពីបញ្ចប់ការប្រកួត ដើម្បីទាមទារចម្លើយ។ ក្រុមអ្នកគាំទ្របានគប់ដប និងវត្ថុផ្សេងៗទៀតលើកីឡាករ និងមន្ត្រី។ អំពើហិង្សាបានរាលដាលកាន់តែធំឡើងៗនៅក្រៅកីឡដ្ឋាន ដែលយ៉ាងហោចណាស់រថយន្តប៉ូលិសចំនួន ៥គ្រឿងត្រូវបានបំផ្លិចបំផ្លាញ និងឆេះ រួមទាំងការខូចខាតជាច្រើនផ្សេងៗទៀត។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានសម្តែងការសោកស្ដាយជាទីបំផុត និងបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុតលើសោកនាដកម្មនេះ។ លោកក៏បានបញ្ជាឱ្យផ្អាកការប្រកួតលីគបាល់ទាត់កំពូល (BRI Liga 1) រហូតដល់ការវាយតម្លៃសុវត្ថិភាពត្រូវបានអនុវត្តឡើងវិញ និងរឹតបន្តឹងសន្តិសុខបន្ថែមទៀត។ លោកបាននិយាយថា «ខ្ញុំសង្ឃឹមថាសោកនាដកម្មដ៏រន្ធត់នេះ នឹងក្លាយជាសោកនាដកម្មចុងក្រោយនៃបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី»។
ដោយឡែក សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក៏បានហាមឃាត់ក្រុម Arema មិនឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់រយៈពេលនៅសល់នៃរដូវកាលនេះ។ ខណៈក្រុមសិទ្ធិមនុស្ស (Amnesty International) បានជំរុញប្រទេសឥណ្ឌូនេស៊ីស៊ើបអង្កេតលើការប្រើឧស្ម័នបង្ហូរទឹកភ្នែកនៅកីឡដ្ឋាន និងធានាថា អ្នកដែលបានរកឃើញនៅក្នុងការរំលោភបំពានត្រូវបានកាត់ទោសនៅក្នុងតុលាការដោយបើកចំហ។
យោងតាមទិន្នន័យពីអង្គការឃ្លាំមើលបាល់ទាត់ឥណ្ឌូនេស៊ី (Save Our Soccer) បានបង្ហាញថា យ៉ាងហោចណាស់មានអ្នកគាំទ្របាល់ទាត់ចំនួន ៨៦នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ១៩៩៥ មុនពេលកើតមានសោកនាដកម្មកាលពីថ្ងៃទី០១ ខែតុលាកន្លងទៅ ដែលភាគច្រើននៃពួកគេគឺបណ្តាលមកពីជម្លោះ៕ (ដកស្រង់ចេញពី AP, CNN និង BBC)
Post a Comment