សម្តេចតេជោ នឹងជួបប្រធានាធិបតីអ៊ុយក្រែន​តាមទូរសព្ទ នៅថ្ងៃទី ០១ ខែ វិច្ឆិកា

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយ ថ្ងៃដែលសម្តេច ត្រូវជួបពិភាក្សាការងារ​ជាមួយយលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរសព្ទ គឺថ្ងៃទី ០១ ខែ វិច្ឆិកា ខាងមុខនេះ។

ចំពោះពេលវេលានៃការជួបសម្តេចតេជោ មិនទាន់កំណត់ច្បាស់នៅឡើយ ដោយសម្តេចថ្លែងដូច្នេះថា« បញ្ហាពេលវេលា ខ្ញុំទុកឱ្យគាត់(Zelenskyy )រើស ដោយសារតែយើងជាមួយអ៊ុយក្រែន គឺម៉ោងខុសគ្នារហូតដល់ ៤ម៉ោង អ៊ីចឹង ខ្ញុំថាជួបម៉ោង ៣ ឬម៉ោង ៤ល្ងាច ព្រោះបើម៉ោង ៤ល្ងាចនៅយើង គឺត្រូវនឹងម៉ោង ១២ថ្ងៃត្រង់ នៅអ៊ុយក្រែន, បើយើងម៉ោង ៣ល្ងាច ត្រូវម៉ោង ១១នៅទីនោះ ដូច្នេះយើងអាចជួបពិភាក្សាគ្នាបាន»។

ដោយសារឆ្នាំនេះ កម្ពុជា ជាប្រធានអាស៊ាន ដូច្នេះអ៊ុយក្រែនក៏បានស្នើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន និងអេស្ប៉ាញ អាចមកចុះកិច្ចព្រមព្រៀងជាមួយអាស៊ាន ជាមិត្តភាពនៃកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍។ នេះជាការបន្ថែមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

សម្តេចតេជោ ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក​វ្ល៉ាឌីមៀរ ពូទីន មកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុង​ភ្នំពេញផងដែរ តែមិនទាន់មានការឆ្លើយតបនៅឡើយ។

ការលើកឡើងរបស់សម្តេច ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងចែកស្រូវពូជ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ ព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២។

សម្តេច បានបញ្ជាក់ថា ការងារ​ទាក់ទង​នឹង​កិច្ចប្រជុំ​អាស៊ាន ក្នុងឋានៈ​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បូក​ជាមួយ​នឹង​ការ​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង ២០ (G20) នៅ​ឥណ្ឌូនេស៊ី និង​ការចូលរួម​កិច្ចប្រជុំ​កំពូល​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ នាពេល​ខាងមុខ ត្រូវបាន​ដោះស្រាយ ១ ភាគធំ៕

Powered by Blogger.