សាច់​សត្វ​ព្រៃ​ជាង ១​តោន​ ត្រូវបាន​បង្ក្រាប​នៅ​មណ្ឌលគិរី ខណៈ​វត្តមាន​អន្ទាក់​នៅ​បន្ត​កើនឡើង 2022/10/24 05:57:51 pm 9

គិត​ត្រឹម​រយៈពេល​១៨​ខែ ចាប់ពី​ឆ្នាំ​២០២១ ដល់ ២០២២ មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ការជួញដូរ​សាច់សត្វ​ព្រៃ នៅ​ខេត្ត​មណ្ឌល​គិរី​ បាន​ប្រមាណ​ជាង ១,៣៥០​គីឡូក្រាម ក្នុងនោះ​ បើ​គិតតែ​៦​ខែ​ឆ្នាំ​២០២២ នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ ក៏​បង្ក្រាប​បាន​ប្រមាណ ២៣៥​គីឡូក្រាម​ដែរ​។

​នេះ​បើ​តាម​ការលើកឡើង​រប​ស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​ពាក្យ​ក្រសួងបរិស្ថាន ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ​៖ បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២​។​

​ឯកឧត្តម ​បាន​បន្តថា បច្ចុប្បន្ន​នេះ បើ​រាប់​ចំនួន​នៃ​ការបង្ក្រាប និង​ការទប់ស្កាត់ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​សកម្មភាព​ប្រឹងប្រែង​ខ្លាំងក្លា​ជាង​មុន ដែល​សកម្មភាព​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ចាប់ផ្តើម​អនុវត្ត នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ក្រសួងបរិស្ថាន និង​ដៃ​គូរ​បាន​ដាក់ឱ្យ​អនុវត្ត​នាពេល​កន្លងមក និង​កមពុង​បន្ត​។​

​ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់​បន្ថែមថា ទោះបីជា​ការបង្ក្រាប ការខិតខំ​ទប់ស្កាត់ និង​ការផ្សព្វផ្សាយ ខ្លាំងក្លា​ជាង​មុន​ក៏ដោយ ក៏​មកដល់​បច្ចុប្បន្ន​នេះ ​មន្ត្រី​ជំនាញ នៅតែ​បន្ត​រកឃើញ​អន្ទាក់​ដែល​ដាក់​ក្នុងព្រៃ មាន​និន្នាការ​កើនឡើង និង​បាន​សម្លាប់​សត្វ​ជា​រៀងរាល់ថ្ងៃ ដែល​គួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង​។​

​ជាមួយគ្នានេះ ឯកឧត្តម សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ព្រម​តាំង​អំពាវនាវ​ឱ្យ​ភោជនីយដ្ឋាន​បញ្ឈប់​ការលក់​សាច់សត្វ​ព្រៃ និង​កុំ​ចូល​ព្រៃ​សម្លាប់សត្វ ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ព្រោះថា​ជា​អំពើ​ខុសច្បាប់ និង​ជា​ទង្វើ​ដែល​សង្គម​មិន​ទទួលស្គាល់​សោះឡើយ​។ ផ្ទុយទៅវិញ បើ​គ្រប់ៗ​គ្នា​ឬ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​យល់​កាន់តែច្បាស់​អំពី​កិច្ចការពារ​សត្វព្រៃ បាន​ស្គា​ល់ពី​តម្លៃ​សត្វព្រៃ ហើយ​ស្គា​ល់ពី​តម្លៃ​សត្វព្រៃ​ក្នុងការ​ទាក់ទាញ​វិស័យ ទេសចរណ៍ នោះ​នឹង​បាន​ផ្តល់នូវ​ចំណូល​ដល់​សហគមន៍ និង​ពលរដ្ឋ​កម្ពុជា​មិនចេះ​រីងស្ងួត​ឡើយ​។​

​យោងតាម​ការសិក្សា​ជា​ចង្កោម​មួយ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF កម្ពុជា បាន​បង្ហាញថា ក្នុង​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២២ ចំនួន​សត្វព្រៃ​ប្រភេទ​ក្រចកជើង​ចំ​ពាម​នៅ​តំបន់​ទេសភាព​ភាគ​ខាងកើត ក្នុងប្រទេស​កម្ពុជា បាន​ថយចុះ​គួរឱ្យកត់សម្គាល់​។ ក្នុងនោះ​សត្វ​ទន្សោង​ថយចុះ​៨៩% ឈ្លូស​ថយចុះ​៦៥% និង​ជ្រូកព្រៃ​ថយចុះ​១៥%​។ ការសិក្សា​ដដែល​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា វត្តមាន​នៃ​សត្វ​រមាំង ខ្ទីង និង​ប្រើស នៅ​ក្នុង​តំបន់​ព្រៃ​ទេសភាព​ក៏មាន​កម្រិត​ទាប​៕

Powered by Blogger.