សម្តេចតេជោ ហ៊ុន សែន នាំចៅស្រីទៅជាមួយ ដើម្បីឲ្យរៀនធ្វើការ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត UN, បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។



ក្នុងឱកាសបំពេញបេសកកម្មការងារនៅក្រៅប្រទេសរយៈពេលជិត១០ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាននាំចៅស្រីច្បង ទៅជាមួយសម្តេចផងដែរ ដើម្បីឲ្យចេះរៀនធ្វើការងារ។
តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយចៅស្រី និងសរសេរខ្លឹមសារយ៉ាងដូច្នេះថា «យកចៅស្រីទៅជាមួយ ដើម្បីឱ្យរៀនធ្វើការ។ ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។


សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
បន្ទាប់មក តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស លោកប្រធានាធិបតីគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។
សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
Powered by Blogger.