ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់ស្ទើរទាំងស្រុង ខណៈល្បឿនចាប់ពី ៦០- ១២០គីឡូម៉ែត្រក្នុងមួយម៉ោង
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហុន សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះ អាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្រើប្រាស់ល្បឿនលើផ្លូវនេះផងដែរ។លោករដ្ឋមន្ត្រី បានបញ្ជាកើថា សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈដែលល្បឿនទាបបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្តោងអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមលោកទេសរដ្ឋមន្ត្រី រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេងដោយប្រើពេលយូរបាននោះទេ ខណៈឡានតូច អាចប្រើប្រាស់បាន ក្នុងករណីដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក៏មានការអនុញ្ញាតឱ្យម៉ូតូដែលមានទំហំស៊ីឡាំង លើសពី ៥០០សេសេ អាចប្រើប្រាស់បានផងដែរ ដោយមានកំណត់ល្បឿនត្រឹមតែ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលម៉ូតូមានមានទំហំស៊ីឡាំងតូចជាងនេះ គឺមិនមាន ការអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបីផ្លូវល្បឿនលឿននេះ ជាផ្លូវឯកជន តែក៏នៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដូចនេះហើយផ្លូវនេះនៅតែមានការ ដាក់កាមេរ៉ាចាប់ល្បឿន នៅតាមគោលដៅនានា ជាមួយនឹងការផាកពិន័យងតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជាង ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លង ផ្លូវ ចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
Post a Comment