រុស្សី ដកទ័ពសឹងមិនទាន់ ខណៈអ៊ុយក្រែនវាយបក យកបានមកវិញទឹកដីខ្លួនមួយភាគធំ

 កងទ័ពអ៊ុយក្រែន វាយដណ្តើមយកបានមកវិញនូវទឹកដីរបស់ខ្លួនមួយភាគធំ ដែលរុស្សីបានឈ្លានពានយករាប់ចាប់តាំងពីលោកពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេស កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។


យុទ្ធសាស្រ្តក្នុងការវាយបកនេះ បានធ្វើឱ្យកងទ័ពអ៊ុយក្រែន ទទួលបានជោគជ័យយ៉ាងធំធេងកាលពីពេលថ្មីៗនេះ។ តាមការឱ្យដឹងពីប្រធានាធិបតីអ៊ុយក្រែន Zelensky បានបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ កងទ័ពរបស់លោក បានវាយដណ្តើមយកមកវិញនូវទឹកដីប្រមាណជាង ៦ពាន់គីឡូម៉ែត្រការ៉េ ដែលស្ថិតក្រោមការកាន់កាប់របស់រុស្សី។ ចំណែករុស្សី បានសារភាពថាខ្លួនពិតជាបានបាត់បង់ដែនដីដែលធ្លាប់កាន់កាប់នៅក្នុងទីក្រុងសំខាន់ៗ ក្នុងតំបន់ Kharkiv។

អ្នកជំនាញមើលឃើ់ញថា ការដកទ័ពចេញពីតំបន់ដែលរុស្សីធ្លាប់គ្រប់គ្រង អាចជាចំណុចស្នូរក្នុងការផ្លាស់ប្តូរស្ថានភាពទាំងស្រុងនៃសង្គ្រាមដែលបានអូសបន្លាយពេលអស់ជាច្រើនខែមកនេះ។ ទន្ទឹមនឹងនេះក្រុងមូស្គូ បានអះអាងថាការដកទ័ពចេញ គឺដោយហេតុថាត្រូវរៀបចំទ័ពឡើងវិញ ដើម្បីផ្តោតទៅលើតំបន់ Luhansk និង Donetsk នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន៕

Powered by Blogger.