មន្ត្រីយោធាម្នាក់បាញ់សម្លាប់គូដណ្តឹងជានិស្សិតពេទ្យ កាលពីឆ្នាំ២០២០ ត្រូវចាប់ខ្លួនក្នុងប្រទេសថៃ
ករណីឃា.តកម្មមួយ ដែលបុរសជាគូដណ្ដឹងបាញ់សម្លា.ប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ កាលពីឆ្នាំ២០២០ នៅក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល នោះ ទីបំផុត! សមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃ សហការចាប់ខ្លួនជនសង្ស័យបានហើយ តាមដីការបស់តុលាការកម្ពុជា ។
បច្ចុប្បន្នសមត្ថកិច្ចថៃ បាននិងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជាវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមរមឹ្លកថា កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ H-03 ផ្លូវលំ BT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃា.តកម្មមួយ បង្កឡើងដោយជនដៃដល់ម្នាក់ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត បានបា.ញ់នារីជាគូដណ្ដឹង ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ ។
ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋមូលដ្ឋាន នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាគូដណ្ដឹងរបស់ជនរងគ្រោះ បានបីនាងចេញមកក្រៅផ្ទះ ដោយសភាពហូរឈា.មស្រោចពេញខ្លួន មិនដឹងថា មានរឿងអ្វីនោះទេ តែមុននេះ គេលឺសំឡេងផ្ទុះអាវុធមួយគ្រាប់ ។
ភ្លាមៗនោះអ្នកជិតខាងបានជួយដឹកនារីរងគ្រោះ ជាមួយបុរសខាងលើយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ភ្លាមៗបុរសដែលជាគូបណ្ដឹង ក៏បានរត់គេចខ្លួនបាត់តាំងពីពេលនោះមក ៕
Post a Comment