រដ្ឋបាលខេត្តបាត់ដំបង ពាំនាំបទបញ្ជារបស់សម្តេចតេជោ ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ ដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

 លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាល ខេត្តបាត់ដំបង ព្រមទាំងអភិបាលរងខេត្ត, ស្នងការនគរបាលខេត្ត និងមន្រ្ដីរាជការជុំវិញខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បាននាំអំណោយ និងថវិកាចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានពាំនាំនូវបទបញ្ជាយ៉ាងដាច់ខាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបង្ក្រាបល្បែងខុសច្បាប់គ្រប់ប្រភេទដល់កងកម្លាំងបានយល់ដឹងបន្ថែម។



កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមាន៖ កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត, កងការពារព្រំដែនលេខ៥០២ ស្រុកសំឡូត, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត, កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន។


នាឱកាសនោះដែរ លោក សុខ លូ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន។




លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់កងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម ហើយកងកម្លាំងក៏បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសកលលោក គឺជំងឺកូវីដ១៩ ដោយបានចូលរួមចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីជំងឺដ៏កាចសាហាវមួយនេះជាដើម។





លោកបានបញ្ជាក់ថា ក្នុងកំឡុងពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញបទបញ្ជាមួយក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងក្របខណ្ឌទូទាំងប្រទេស ដូចនេះ សូមលោកអភិបាលរងខេត្តដែលទទួលបន្ទុកតាមក្រុង ស្រុក លោកអភិបាលក្រុង ស្រុកកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមអនុវត្តអនុវត្តតាមបទបញ្ជារបស់សម្ដេច ក្នុងការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួន ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងបញ្ឈប់ជាបន្ទាន់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយចាប់ពីពេលនេះទៅ គឺមិនត្រូវឱ្យមានល្បែងស៊ីសងណាមួយនៅលើទឹកដីខេត្តបាត់ដំបងឡើយ។
ក្នុងនោះ លោក សុខ លូ បានណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀន គឺត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបានជាពិសេសនៅតាមបណ្ដោយព្រំដែននេះ អាចនឹងមានការលួច
លាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង។
ក្នុងឱកាសនោះលោក សុខ លូ ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា៖ ភេសជ្ជៈចំនួន៣០កេស, ទឹកសុទ្ធ៥០កេស, នំអន្សមជ្រូក១ស្លឹក, សាច់ជ្រូកស្រស់ ៦០គីឡូក្រាម, បន្លែស្រស់៥០គីឡូក្រាម, ម៉ាស់២០ប្រអប់, អាល់កុល៦០លីត្រ និងថវិកា៦លានរៀលផងដែរ៕
Powered by Blogger.