សម្តេចធិបតី​៖ស​រសើរចំពោះការ​រីកចម្រើនសុខ​ដុម​រមនា​នៃសាសនា

ថ្លែងក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានានៅវត្តស្វាយពពែរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យពុទ្ធិកសិក្សាទាំងបរិមាណនិងគុណភាពព្រមទាំងភាពសុខដុមរមនានៃសាសនានៅទូទាំងប្រទេស។

សម្ដេចធិបតីក៏បានលើកឡើងថាកត្តាសុខសន្តិភាពដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់មនុស្សគ្រប់រូបនិងជាកត្តាជំរុញដល់ការអភិវឌ្ឍជាតិ។សម្ដេចបានបញ្ជាក់ថាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប៉ុណ្ណោះទេ។ប៉ុន្តែក៏បានផ្ដល់នូវលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនាក្នុងការរៀបចំសាសនពិធី និងសកម្មភាពសាសនារបស់ខ្លួនប្រកបដោយរលូន។

សម្ដេចបវរធិបតីបានបន្ថែមថាមនុញ្ញផលនៃការរីកចម្រើននេះកើតចេញពីប្រទេសជាតិមានសុខសន្តិភាពជារួមនិងដោយឡែកគឺកើតចេញពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចយ៉ាងសកម្មកន្លងមកក្នុងបុព្វហេតុបម្រើវិស័យព្រះពុទ្ធសាសនា និងជំរុញកិច្ចសន្ទនាអន្តរសាសនា ដើម្បីរក្សាសុខដុមនីយកម្មសាសនាឱ្យមានភាពសុខដុមរមនាគួរជាទីមោទនៈ។សូមជម្រាបជូនថាអគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗមានបំពាក់គ្រែកម្ពស់៣ថ្នាក់ចំនួន២សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់។ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋស្ថិតក្រោមក្រសួងធម្មការនិងសាសនាដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំមនុស្សធម៌និងការផ្សព្វផ្សាយចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា៕ប្រភពSTPM


Powered by Blogger.