ប្រសាសន៍នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកសិក្សាសន្សំបាន«ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិតដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯងនិងក្រុមគ្រួសារ ក្រោមរូបភាព ជាការងារ ការវិនិយោគ ឬសហគ្រិនភាព។
 |
|
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អមន្ត្រីរាជការល្អ បុគ្គលិកល្អដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវៈសីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ, ទាំងក្នុងស្រុក, តំបន់ និងសកល។ សម្តេចបវរធិបតី បន្ដថា លើសពីនេះការអប់រំមិនត្រឹមតែ បង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ។ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជារួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាលនិង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។សម្តេចបវរធិបតី មានប្រសាសន៍ថា «ជាក់ស្ដែងអ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។ ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារនិង «ជាទ្រព្យសកម្ម និង មិនមែនជាបន្ទុក របស់សង្គមជាតិ»។សម្ដេច នាយករដ្ឋមន្ដ្រី បន្តទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស សាលារៀនបណ្ណាល័យ ជាដើម។ ជាលទ្ធផលគ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្សទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័សហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។សូមជម្រាបជូនថាវិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយ របស់កម្ពុជា៕ប្រភពSTPM/AKP
Post a Comment