មន្ទីរសាធារណការ និងដឹកជញ្ជូន ផ្អាកធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដព្រះវិហារ បានផ្អាក​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ដោយ​សារ​ទឹកជំនន់។ ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះវិហារ។



យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបាន បន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ត ដឹក​ទំនិញ​ធន់ធ្ងន់បានទេ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការ បិទ​ចរាចរ​ណ៍​ទាំ​​ងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៩ ចាប់​ពី​ចំណុច​គីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្ត​ព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បី​ថែ​រក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រកប​ដោយ​សុវត្ថិភាព។ មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា សាធារណ៍ជន និងបងប្អូន ប្រជាពលរដ្ឋ​ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាម​សេចក្តី​ជូន​ដំណឹង​នេះ ដោយស្មារតីយោគយល់ និងសហការ​ជាមួយ​យើង​ខ្ញុំ​ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីរួម ចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕




Powered by Blogger.