ឯកឧត្តមអភិ​សន្តិបណ្ឌិតស សុខា​អញ្ជើញមា​តុ​ភូ​មិនិវត្តន៍ប្រកប​ដោយសុវត្ថិភាពបន្ទាប់​ពីបំពេញទស្សនកិច្ចដោ​យជោគជ័យនៅសាធា​រណរដ្ឋប្រជាមា​និតចិន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាពនាយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៤បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់និងណៈអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តមវ៉ាងស៊ាវហុងក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយទៀត ដោយក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្សការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។ 

ឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដូចគ្នា ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់ថានៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិននឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ ឯកឧត្តម ក៏បានបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវការបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។ ក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មកកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។ ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានបន្តដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចនៅខេត្តគួយចូវ ដោយបានពិនិត្យនិងស្វែងយល់អំពីការងារនៅមជ្ឈមណ្ឌលទិន្នន័យធំរបស់ខេត្តគួយចូវ ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈ នៃសង្កាត់គ័នសានហ៊ូនិងទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ដែលដឹកនាំដោយឯកឧត្តម ស៊ី លីន លេខាបក្សខេត្តគួយចូវ មុនអញ្ជើញមាតុភូមិនិវត្តន៍។ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយគ្នាចាប់ពីឆ្នាំ២០១៩។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាពការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ៕





















Powered by Blogger.