នាយក​រដ្ឋមន្រ្តីអនុញ្ញាតឱ្យបញ្ចុះអត្រាអា​ករនាំចេញលើ​មុខទំនិញថ្មធម្មជាតិ​សម្រាប់នាំ​ចេញ

 ថ្ងៃនេះសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួនក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។ ក្នុងពេលដែលសម្ដេចធិបតី និងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិព័រណ៍លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ សម្ដេចបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ 

ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្ដេចបានទទួល សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឱ្យបានកាន់តែប្រសើរឡើង។ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៏សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្ដេចធិបតីបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ៕AKP

Powered by Blogger.